ផ្លូវបេតុងថ្មីប្រវែង ៨០០ ម៉ែត្រ នឹងជួយសម្រួលជីវភាពប្រជាពលរដ្ឋ ១២៣ គ្រួសារនៅឃុំអូរជុំ ខេត្តរតនគិរី

Resumen detallado
ការលំបាកក្នុងការធ្វើដំណើរទៅស្រែចម្ការ ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងការបញ្ជូនកូនៗទៅសាលារៀន ព្រមទាំងការទៅទទួលសេវាសុខាភិបាល The post ផ្លូវបេតុងថ្មីប្រវែង ៨០០ ម៉ែត្រ…
ការលំបាកក្នុងការធ្វើដំណើរទៅស្រែចម្ការ ការដឹកជញ្ជូនកសិផលទៅកាន់ទីផ្សារ និងការបញ្ជូនកូនៗទៅសាលារៀន ព្រមទាំងការទៅទទួលសេវាសុខាភិបាល ជាពិសេសសម្រាប់ស្ត្រីមានផ្ទៃពោះ គឺជាកង្វល់ដែលប្រជាពលរដ្ឋនៅភូមិតងប្លេង ឃុំអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី បានជួបប្រទះកន្លងមក។ បញ្ហានេះនឹងត្រូវបានដោះស្រាយមួយផ្នែក តាមរយៈគម្រោងសាងសង់ផ្លូវបេតុងថ្មីប្រវែង ៨០០ ម៉ែត្រ ដើម្បីសម្រួលដល់ការធ្វើដំណើរសាធារណៈ ជាពិសេសពលរដ្ឋមូលដ្ឋានចំនួន ១២៣ គ្រួសារ ស្មើនឹងជិត ៤០០ នាក់។
អ្នកស្រី ខាញ់ សូវី មេឃុំអូរជុំ មានប្រសាសន៍ថា គម្រោងសាងសង់ផ្លូវនេះធ្វើឡើងដើម្បីឆ្លើយតបនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ។ គម្រោងនេះ ស្ថិតនៅក្រោមផែនការថវិកា៣ ឆ្នាំរំកិលរបស់ឃុំ។ បើតាមមេឃុំ គម្រោងនេះត្រូវបានបែងចែកជាពីរផ្នែក គឺប្រវែង ៦០០ ម៉ែត្រ ស្ថិតក្នុងភូមិតងប្លេង និងប្រវែង ២០០ ម៉ែត្រទៀត តភ្ជាប់ពីចំណុចរង្វង់មូលមកកាន់ភូមិ។ ក្រៅពីសាងសង់ផ្លូវបេតុង គម្រោងក៏រួមបញ្ចូលការរៀបចំប្រព័ន្ធលូ និងប្រឡាយរំដោះទឹកនៅសងខាងផ្លូវ ដើម្បីការពារការជន់លិច និងធានាគុណភាពផ្លូវឱ្យប្រើប្រាស់បានយូរអង្វែង។
លោក គៀង តុលា អភិបាលស្រុកអូរជុំ បានបញ្ជាក់ថា ការជ្រើសរើសទីតាំងអនុវត្តគម្រោងនានា គឺផ្អែកលើអាទិភាព និងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ដោយមានការរៀបចំផែនការទុកជាមុនពី ១ ទៅ ២ ឆ្នាំ ដើម្បីឱ្យភូមិនានា ទទួលបានសមិទ្ធផលអភិវឌ្ឍន៍ជាបន្តបន្ទាប់។
លោកបន្តថា ក្រោមការតម្រង់ទិសរបស់រដ្ឋបាលខេត្តរតនគិរី រដ្ឋបាលស្រុកបានប្រើប្រាស់ប្រភពថវិកាចម្រុះ រួមមានមូលនិធិឃុំ មូលនិធិស្រុក និងគម្រោង LASED III ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន ដូចជាមណ្ឌលសុខភាព សាលារៀន និងផ្លូវថ្នល់ ដែលជាផ្នែកមួយនៃការអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ ប្រជាពលរដ្ឋនៅភូមិតងប្លេងបានសម្តែងការអរគុណចំពោះអាជ្ញាធរមូលដ្ឋាន ដែលបានយកចិត្តទុកដាក់ដោះស្រាយសំណូមពររបស់ពួកគាត់ តាមរយៈការកសាងផ្លូវថ្មីនេះ។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅតាមមូលដ្ឋាន តាមរយៈការរៀបចំផែនការឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ ត្រូវបានចាត់ទុកថាជាកត្តាសំខាន់ក្នុងការលើកកម្ពស់ជីវភាពរស់នៅ ជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងសហគមន៍ និងរួមចំណែកកាត់បន្ថយភាពក្រីក្រ៕ដោយ៖ ខៀវ ចាប
Inicio del artículo, extracto de កម្ពុជាថ្មី Kampuchea Thmey. Para leer el resto, abra el artículo en el sitio del medio.
MarketNews muestra el titular y el resumen publicados por el medio. El artículo completo se lee en el sitio del editor. (www.kampucheathmey.com)