FBI៖ ក្រុម Hackers កូរ៉េខាងជើង បានលួចប្រាក់ជាង ៤០០ លានដុល្លារ តាមរយៈ វីដេអូខល

Résumé détaillé
ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានអះអាងថា ក្រុមហេគឃ័រ (hackers) ដែលមានរដ្ឋាភិបាលកូរ៉េខាងជើងនៅពីក្រោយ បានលួចយកប្រាក់គ្រីបតូ មានតម្លៃជាង ៤០០ លានដុល្លារក្នុងរយៈពេល ១៨…
ទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានអះអាងថា ក្រុមហេគឃ័រ (Hackers) ដែលមានរដ្ឋាភិបាលកូរ៉េខាងជើងនៅពីក្រោយ បានលួចយកប្រាក់គ្រីបតូ មានតម្លៃជាង ៤០០ លានដុល្លារ ក្នុងរយៈពេល ១៨ ខែកន្លងមកនេះ។ ពួកគេបានប្រើប្រាស់រូបភាពរបស់បុគ្គលនានាដែលត្រូវបានថតទុកដោយសម្ងាត់ ដើម្បីកំណត់គោលដៅទៅលើមនុស្សដែលស្គាល់បុគ្គលទាំងនោះ។ នេះបើតាមការផ្សាយចេញដោយទីភ្នាក់ងារ Reuters នៅថ្ងៃទី១៣ ខែវិច្ឆិកានេះ។
ជាផ្នែកមួយនៃល្បិចកលឆបោកតាមបច្ចេកទេសសង្គម ដែល FBI ហៅថា «FaceStealer» ជនរងគ្រោះ ត្រូវបានទាក់ទាញឱ្យចូលរួមការជជែកតាមវីដេអូ នៅលើកម្មវិធីប្រជុំតាមវីដេអូក្លែងក្លាយ ដែលមើលទៅដូចជាកម្មវិធីពិតៗ ដូចជាកម្មវិធី Zoom, Microsoft Teams និង Google Meet ជាដើម។
បើតាម FBI ជនរងគ្រោះទទួលបានការអញ្ជើញពីមនុស្សដែលពួកគេស្គាល់ និងធ្លាប់ទាក់ទងគ្នាពីមុនមក ប៉ុន្តែគណនីបណ្តាញសង្គម និងគណនីទំនាក់ទំនងរបស់បុគ្គលទាំងនោះ ត្រូវបានគេលួចចូលប្រើប្រាស់ ហើយរូបភាពរបស់ពួកគេក៏ត្រូវបានគេថតទុកដោយសម្ងាត់ផងដែរ។
ក្នុងអំឡុងពេលសន្ទនាតាមទូរសព្ទ ជនរងគ្រោះ នឹងជួបប្រទះបញ្ហាបច្ចេកទេសក្លែងក្លាយមួយ ដែលតម្រូវឱ្យចុចលើតំណភ្ជាប់ (link)។ សកម្មភាពនេះ នឹងធ្វើឱ្យកុំព្យូទ័រ និងគណនីបណ្តាញសង្គមរបស់ជនរងគ្រោះឆ្លងមេរោគ។ បន្ទាប់មក ព័ត៌មានទំនាក់ទំនងរបស់ជនរងគ្រោះ ត្រូវបានគេយកទៅប្រើប្រាស់ដើម្បីកំណត់គោលដៅវាយប្រហារលើមនុស្សផ្សេងទៀត។
យោងតាមសេចក្តីជូនដំណឹងកាលពីថ្ងៃទី១១ ខែវិច្ឆិកា FBI បានរកឃើញ និងរឹបអូសវីដេអូដែលថតបានពីកាមេរ៉ាកុំព្យូទ័រ (webcam) របស់ជនរងគ្រោះជាង ៩០០ ករណី។
បន្ថែមពីនោះ ក្រុម ហេគឃ័រ ចាប់ផ្តើមប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតវីដេអូក្លែងក្លាយបែប «deepfake» របស់បុគ្គលល្បីៗ និងមានឥទ្ធិពលនៅក្នុងវិស័យរូបិយប័ណ្ណគ្រីបតូ និងបច្ចេកវិទ្យា blockchain។
ចំពោះការបោកប្រាស់តាមប្រព័ន្ធបច្ចេកវិទ្យានេះ FBI បានបញ្ជាក់ច្បាស់ៗថា គឺបង្កឡើងដោយក្រុម ហេគឃ័រ មកកពីប្រទេសកូរ៉េខាងជើងមួយក្រុម ដែលមានឈ្មោះថា Sapphire Sleet ឬ UNC1069។ ក្រុមនេះ ជាក្រុមដាច់ដោយឡែកមួយផ្សេងទៀត មិនមែនជាក្រុម ហេគឃ័រ មកពីកូរ៉េខាងជើង ដែល FBI និងវិស័យឯកជនធ្លាប់បានរកឃើញថា មានជាប់ពាក់ព័ន្ធនឹងករណីលួចប្រាក់ចំនួន ៦.៣ ពាន់លានដុល្លារ ពីក្រុមហ៊ុនជួញដូររូបិយប័ណ្ណគ្រីបតូ Binance កាលពីពេលថ្មីៗនោះទេ៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)