រដ្ឋធានី ឥណ្ឌា វ៉ាដាច់ទីក្រុងរបស់ប៉ាគីស្ថាន ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងជាងគេបំផុតលើលោក

Résumé détaillé
រដ្ឋធានីញូវដេលី (Delhi) របស់ឥណ្ឌា បានវ៉ាដាច់ទីក្រុងឡាហ័រ (Lahore) របស់... The post រដ្ឋធានី ឥណ្ឌា វ៉ាដាច់ទីក្រុងរបស់ប៉ាគីស្ថាន ក្លាយជាទីក្រុងមានការបំពុលខ្យល់ខ្លាំងជាងគេបំផុតលើលោក…
រដ្ឋធានីញូវដេលី (Delhi) របស់ឥណ្ឌា នៅថ្ងៃទី១៣ ខែវិច្ឆិកា បានវ៉ាដាច់ទីក្រុងឡាហ័រ (Lahore) របស់ប៉ាគីស្ថាន ក្លាយជាទីក្រុង ដែលមានការបំពុលខ្យល់ខ្លាំងជាងគេបំផុតលើពិភពលោក ខណៈដែលគុណភាពខ្យល់បានធ្លាក់ចុះដល់កម្រិតគ្រោះថ្នាក់។
យោងតាមរបាយការណ៍ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កម្រិតនៃការមើលឃើញពីចម្ងាយក៏ថយចុះយ៉ាងខ្លាំង ដោយសារផ្សែងអ័ព្ទពុលបានគ្របដណ្តប់ពាសពេញទីក្រុង ដែលមានពលរដ្ឋរស់នៅប្រមាណ ២០លាននាក់មួយនេះ។
បើយោងតាមក្រុមហ៊ុនវាស់ស្ទង់គុណភាពខ្យល់ស្វីស IQAir ដែលធ្វើការវាស់វែង ដោយផ្អែកលើកំហាប់សារធាតុពុលក្នុងបរិយាកាស សន្ទស្សន៍គុណភាពខ្យល់ (AQI) នៅក្នុងទីក្រុងញូវដេលី បានហក់ឡើងដល់កម្រិត «គ្រោះថ្នាក់» ក្នុងតួលេខ ៣៣៤ ដែលរុញច្រានឱ្យទីក្រុងនេះជាប់ឈ្មោះជាទីក្រុងធំ ដែលមានខ្យល់ពុលខ្លាំងជាងគេលើសកលលោក។
ជាទូទៅ សន្ទស្សន៍ AQI ដែលមានកម្រិតចាប់ពី ៥០ ចុះក្រោម ទើបត្រូវបានចាត់ទុកថាជាខ្យល់បរិសុទ្ធ និងមិនបង្កហានិភ័យដល់សុខភាពឡើយ។
ដោយឡែក ក្រុមប្រឹក្សាត្រួតពិនិត្យការបំពុលកណ្តាលផ្លូវការរបស់ឥណ្ឌាឯណោះវិញ បានវាស់វែងឃើញថា សន្ទស្សន៍ AQI នៅក្នុងទីក្រុងនេះ មានកម្រិតខ្ពស់រហូតដល់ ៤០៣ និងបានចាត់ថ្នាក់វាថាស្ថិតក្នុងកម្រិត «ធ្ងន់ធ្ងរ»។ ភាពខុសគ្នានៃតួលេខ រវាងស្ថាប័នស្វីស និងឥណ្ឌានេះ គឺបណ្តាលមកពីការប្រើប្រាស់មាត្រដ្ឋាន និងរូបមន្តគណនាខុសៗគ្នា ក្នុងការកំណត់ចំណាត់ថ្នាក់នៃការបំពុលខ្យល់។
តាមរយៈវីដេអូដែលផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន ANI គេសង្កេតឃើញរថយន្ត និងម៉ូតូជាច្រើនគ្រឿងបានបើកបរចេញពីផ្សែងអ័ព្ទដ៏ក្រាស់ឃ្មឹក ដែលផ្សែងអ័ព្ទទាំងនោះថែមទាំងបានបិទបាំងពន្លឺភ្លើងបំភ្លឺផ្លូវនៅតាមដងផ្លូវសំខាន់ៗក្នុងទីក្រុងទៀតផង។
គួរជម្រាបជូនដែរថា ការបំពុលខ្យល់គឺជាបញ្ហាដដែលៗតាមរដូវកាល ដែលតែងតែកើតមាននៅតំបន់ជាច្រើនភាគខាងជើងប្រទេសឥណ្ឌា និងប៉ាគីស្ថានដែលនៅជាប់គ្នា ដោយសារតែខ្យល់ត្រជាក់ និងធ្ងន់នារដូវរងា បានទប់ស្កាត់មិនឱ្យផ្សែងយានយន្ត ធូលីដីពីការដ្ឋានសំណង់ និងផ្សែងចេញពីការដុតកាកសំណល់កសិកម្ម អាចហើរសាយភាយទៅណាបានឡើយ៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)

