ព្រះខ័នរាជស្វាយរៀង ជាក្លិបកម្ពុជាដំបូងបានឈ្នះក្រុមរបស់ថៃក្នុងពានរង្វាន់ផ្លូវការ

Résumé détaillé
ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្លិបតំណាងឱ្យប្រទេសកម្ពុជាដំបូងគេដែលអាចយកឈ្នះក្លិបបាល់ទាត់មកពីប្រទេសថៃ ក្នុងការប្រកួតផ្លូវការ The post ព្រះខ័នរាជស្វាយរៀង…
ព្រះខ័នរាជស្វាយរៀង បានក្លាយជាក្លិបតំណាងឱ្យប្រទេសកម្ពុជាដំបូងគេដែលអាចយកឈ្នះក្លិបបាល់ទាត់មកពីប្រទេសថៃ ក្នុងការប្រកួតផ្លូវការ។ តាមរយៈជ័យជម្នះរបស់ព្រះខ័នរាជស្វាយរៀង លើក្រុម Port FC របស់ប្រទេសថៃ ក្នុងលទ្ធផល ៤-១ នៃពានរង្វាន់ ASEAN Club Championship Shopee Cup កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦ បានក្លាយជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ក្លិបតំណាងឱ្យប្រទេសកម្ពុជា ក៏ដូចជាវិស័យបាល់ទាត់កម្ពុជាទាំងមូល។
ក្រោមក្រសែភ្នែកអ្នកទស្សនាផ្ទាល់ជាង ១៥,៥០០ នាក់ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្រុមជើងឯកកម្ពុជាបានបង្ហាញសមត្ថភាពដ៏អស្ចារ្យ ដោយយកឈ្នះគូប្រកួតមកពីប្រទេសថៃ និងទទួលបាន ៣ ពិន្ទុដំបូងក្នុងពូល B នៃពានរង្វាន់ ASEAN Club Championship។ ជ័យជម្នះដ៏លើសលប់លើក្លិបមកពីលីគកំពូលថៃនេះ គឺជាសារបង្ហាញថា ក្លិបកម្ពុជាក៏មានសមត្ថភាពប្រកួតប្រជែងជាមួយក្រុមខ្លាំងៗនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ។
អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្លិបកម្ពុជាតែងតែជួបប្រទះនឹងការលំបាកនៅពេលប្រកួតជាមួយក្រុមខ្លាំងៗមកពីប្រទេសជិតខាង។ ប៉ុន្តែជ័យជម្នះដ៏ធំធេងរបស់ព្រះខ័នរាជស្វាយរៀងលើកនេះ បានកត់ត្រាជាប្រវត្តិសាស្ត្រថ្មី ដោយក្លិបកម្ពុជាមួយនេះបានក្លាយជាក្លិបដំបូងដែលអាចផ្តួលក្លិបមកពីប្រទេសថៃក្នុងការប្រកួតផ្លូវការ។
គួរបញ្ជាក់ថា ក្នុងចំណោមក្លិបកម្ពុជាដែលមានកំណត់ត្រាប្រកួតទល់នឹងក្លិបបាល់ទាត់ថៃដែលអាចផ្ទៀងផ្ទាត់បាន មានក្លិបព្រះខ័នរាជស្វាយរៀង និងបឹងកេតអង្គរ ដែលបច្ចុប្បន្នគឺបឹងកេត អេហ្វស៊ី។ កាលពីឆ្នាំ២០១៥ បឹងកេតបានរងបរាជ័យក្រោមថ្វីជើងក្រុម Buriram United ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Toyota Mekong Club Championship ក្នុងលទ្ធផល ០-១។ ចំណែកឯព្រះខ័នរាជស្វាយរៀង ក៏ធ្លាប់រងបរាជ័យ ១-២ ក្រោមថ្វីជើងក្រុម BG Pathum United ក្នុងពានរង្វាន់ ASEAN Club Championship កាលពីឆ្នាំ២០២៤ និងបានត្រឹមស្មើ ១-១ ជាមួយក្រុម Bangkok United ក្នុងរដូវកាល ២០២៥-២០២៦។
ដូច្នេះ ជ័យជម្នះលើ Port FC ក្នុងលទ្ធផល ៤-១ នេះ មិនត្រឹមតែជាការបន្ថែម ៣ ពិន្ទុដ៏សំខាន់សម្រាប់ព្រះខ័នរាជស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការកត់ត្រាប្រវត្តិសាស្ត្រថ្មីសម្រាប់បាល់ទាត់កម្ពុជា ដោយក្លិបកម្ពុជាអាចយកឈ្នះក្លិបមកពីប្រទេសថៃក្នុងការប្រកួតផ្លូវការជាលើកដំបូង៕
Début de l'article, extrait de កម្ពុជាថ្មី Kampuchea Thmey. Pour lire la suite, ouvrez l'article chez le média.
MarketNews présente le titre et le résumé publiés par le média. L'article complet se lit sur le site de l'éditeur. (www.kampucheathmey.com)